ចាប់ពីខែកក្កដា ផ្លាកលេខរថយន្តថ្មីមាន QR Code ចុះផ្លាកលេខចាស់ត្រូវប្ដូរឫទេ? ចាប់ពីខែកក្កដានេះទៅ គ្រប់ផ្លាកលេខរថយន្តថ្មី នឹងមានអ៊ុតភ្ជាប់ QR Code ដើម្បីបញ្ចូលព័ត៌មានយានយន្ត ងាយស្រួលក្នុងការទិញបន្ត និងការពារការក្លែងបន្លំផ្លាកលេខ។ ចំពោះផ្លាកលេខរថយន្តចាស់ មិនចាំបាច់ប្ដូរថ្មីឡើយ គឺអាចបន្តប្រើប្រាស់បាន រហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមរយៈទំព័រ Facebook ថា ផ្លាកលេខរថយន្តចាស់ មិនចាំបាច់ប្ដូរថ្មីទេ ព្រោះក្រសួងបានគិតគូរមិនចង់ឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ក្រសួងកំពុងសិក្សាការដាក់ QR Codeនេះ លើផ្លាកលេខចាស់ដោយឥតគិតថ្លៃ។ ដូចនេះ ម្ចាស់យានយន្តទាំងអស់ អាចបន្តប្រើប្រាស់លេខចាស់ រហូតដល់មានសារាចរណែនាំ និងការជូនដំណឹងជាថ្មី។ យ៉ាងណាក្ដី ចំពោះម្ចាស់យានយន្តដែលមានផ្លាកលេខចាស់ ហើយចង់ប្ដូរថ្មី ដោយអ៊ុតភ្ជាប់ QR Code អាចស្ម័គ្រចិត្តធ្វើបាន តែត្រូវចំណាយថ្លៃសេវាផ្លូវការ ៦៥០០០រៀល។ ការប្ដូរថ្មី ត្រូវមានឯកសារភ្ជាប់ដូចជា ប...